วันอังคารที่ 14 กรกฎาคม พ.ศ. 2552

សកល​វិទ្យាល័យ​មួយ​នៅ​បន្ទាយ​មាន​ជ័យ​ជួប​ប្រទះ​វិបត្តិ

PHOTO HERE
DESCRIPTION HERE

សកល​វិទ្យាល័យ​មាន​ជ័យ​កំពុង​ជួប​ប្រទះ​វិបត្តិ ដោយ​សិស្ស​សាលា​មួយ​ចំនួន​នៅ​សកល​វិទ្យាល័យ​នេះ​បាន​នាំ​គ្នា​ឈប់​រៀន ដោយសារ​ពួក​គេ​ខ្វះ​លទ្ធភាព​ក្នុង​ការ​រក​ថវិកា​បង់​ថ្លៃ​សាលា​ប្រចំា​ឆ្នាំ ​មិន​បាន​និង​សាលា​អត់​ថវិកា​បើក​ឲ្យ​គ្រូ​បង្រៀន។

ប្រភព​ពី​ក្រុម​គ្រូ​បង្រៀន សិស្ស និស្សិត នៃ​សកល​វិទ្យាល័យ​មាន​ជ័យ បាន​ថ្លែង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​កក្កដា ថា ពួក​គេ​កំពុង​ជួប​ប្រទះ​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ ដោយសារ​តែ​ប្រាក់​ឧបត្ថម្ភ​របស់​សាលា​ប្រចាំ​ខែ​ជា​ច្រើន​ខែ​មិន​ទាន់​បើក​ បាន។ ក៏​ប៉ុន្តែ​ប្រភព​ទាំង​នោះ​មិន​បាន​បញ្ជាក់​ពី​ចំនួន​ប៉ុន្មាន​ខែ​ជាក់​លាក់ ​ទេ។

និស្សិត​ឆ្នាំ​ទី​២​នៃ​សកល​វិទ្យាល័យ​មាន​ជ័យ​មួយ​រូប​បាន​ថ្លែង​ថា ទទឹម​នឹង​បញ្ហា​សាលា​មិន​ទាន់​បើក​ប្រាក់​ឧបត្ថម្ភ​ឲ្យ​គ្រូ​បង្រៀន សិស្ស និស្សិត​មួយ​ចំនួន ក៏​កំពុង​ឈប់​រៀន​ដែរ ដោយ​ពួក​គេ​ខ្វះ​លទ្ធភាព​ក្នុង​ការ​រក​លុយ​បង់​ថ្លៃ​សាលា ៖ «ខ្លះ​ណា​ អត់​មាន​លុយ​បង់​ក៏​ឈប់​ទៅ ខ្លះ​ណា​សិស្ស​មួយ​ចំនួន​រក​លុយ​ខ្លួន​ឯង បង់​ខ្លួន​ឯង​អ៊ីចឹង​ទៅ ដូច​ថា រក​មិន​ទាន់​រៀន​ដែរ យើង​ត្រូវ​បង់​សាលា​ផង យើង​ត្រូវ​ការ​ចំណាយ​រៀន​ផង និង​ទិញ​ឯកសារ​ពី​រៀន»។

សកល​វិទ្យាធិការ​នៃ​សកល​វិទ្យាល័យ​មាន​ជ័យ លោក តូច ជឿន បាន​ថ្លែង​ថា ក្នុង​ចំណោម​បុគ្គលិក​សិក្សា ១១២​នាក់ នៃ​សកល​វិទ្យាល័យ​មាន​ជ័យ គឺ​បាន​ទទួល​ប្រាក់​ខែ​ពី​ក្រសួង​អប់រំ​រាល់​ខែ ប៉ុន្តែ​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​សម្រាប់​គ្រូ​បង្រៀន​ម្នាក់ ពី ១០០​ដុល្លារ ទៅ ១៧០​ដុល្លារ ទើប​មិន​មាន​បើក​ឲ្យ​ប្រហែល​រយៈពេល​ជាង ១​ខែ​ប៉ុណ្ណោះ ដោយសារ​សិស្ស​សាលា​បង់​លុយ​ឲ្យ​យឺត។

លោក តូច ជឿន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ប៉ុន្តែ​ប្រាក់​ឧបត្ថម្ភ​យឺត ​ប្រហែល​ជា ១​ខែ ព្រោះ​សិស្ស​វា​បង់​យឺត​ដែរ យើង​បង់​បន្ថែម​ឲ្យ​បុគ្គលិក​បន្ថែម​ពី​លើ​ដើម្បី​ឲ្យ​គាត់​អាច​មាន​លុយ​ ចាក់​សាំង ទិញ​អង្ករ មាន​អីៗ​ហូប​អ៊ីចឹង»។

ទាក់ទង​នឹង​ការ​ឈប់​រៀន​របស់​សិស្ស និស្សិត​វិញ លោក តូច ជឿន មិន​បាន​បញ្ជាក់​ថា មាន​សិស្ស​និស្សិត​នៃ​សកល​វិទ្យាល័យ​មាន​ជ័យ​ប៉ុន្មាន​នាក់ ដែល​បាន​ឈប់​រៀន​ដោយសារ​អត់​ថវិកា​បង់​ថ្លៃ​សាលា គឺ​គ្រាន់​តែ​អះអាង​ថា សាលា​បាន​ផ្តល់​ការ​អនុគ្រោះ​ក្នុង​ការ​ពន្យារ​ពេល​បង់​ជា​តំណាក់​កាល​វិញ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ លោក រ៉ុង ឈុន បាន​ថ្លែង​ថា បញ្ហា​ខាង​លើ​នេះ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​សកល​វិទ្យាធិការ។ ចំណែក​ឯ​បញ្ហា​សិស្ស​អត់​លុយ​បង់​ថ្លៃ​សាលា​គឺ​បណ្តាល​មក​ពី​វិបត្តិ​ហិរញ្ញ ​វត្ថុ​សកលលោក​ដែល​ធ្វើ​ឲ្យ​ការ​រក​ចំណូល​របស់​គ្រួសារ​សិស្ស​មាន​ការ​ ធ្លាក់​ចុះ។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក រ៉ុង ឈុន បាន​អំពាវនាវ​ដូច្នេះ​ថា ៖ «ខ្ញុំ ​អំពាវនាវ​ដល់​សកល​វិទ្យាល័យ​ទាំង​អស់ ទាំង​ឯកជន ក៏​ដូច​ជា​រដ្ឋ​ត្រូវ​មាន​ញ្ចុះ​តម្លៃ​សម្រាប់​និស្សិត​ដើម្បី​ផ្តល់​ឲ្យ​ ឱកាស​ឲ្យ​និស្សិត​បាន​បន្ត​ការ​សិក្សា​ឲ្យ​បាន​ចប់»។

សូម​ជម្រាប​ជូន​ថា សកល​វិទ្យាល័យ​មាន​ជ័យ​មាន​ទីតាំង​ស្ថិត​ក្នុង​ក្រុង​សិរី​សោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ចាប់​ផ្តើម​ដំណើរការ​កាល​ពី​ឆ្នាំ​២០០៨ ដោយ​ក្នុង​នោះ មាន​មហា​វិទ្យាល័យ​ចំនួន​៥ ស្មើ ១៨​ថ្នាក់ មាន​នាយកដ្ឋាន​ចំនួន​១៤ មាន​សិស្ស និស្សិត​សរុប ១.៣០០​នាក់ ក្នុង​នោះ​អ្នក​ទទួល​អាហារូប​ករណ៍​ពី​រដ្ឋាភិបាល​ចំនួន ៦០០​នាក់៕

From:

ไม่มีความคิดเห็น:

แสดงความคิดเห็น