วันอังคารที่ 14 กรกฎาคม พ.ศ. 2552

អ្នក​ភូមិ​និង​អាជ្ញាធរ​ដែន​ដី​ប្រឈម​មុខ​គ្នា​ក្នុង​ជម្លោះ​ឈើ​ប្រណីត

រថយន្ត​ដឹក​ឈើ​ប្រណីត​ដែល​ក្រឡាប់​នៅ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១៨ មិថុនា ២០០៩។

មន្ត្រី​ព្រៃ​ឈើ​ខេត្ត​រតនគិរី​ឲ្យ​ដឹង​ថា អ្នក​ភូមិ​សោមគល់​ជា​ច្រើន​នាក់​បាន​ព្យាយាម​ប្រើ​កម្លាំង​ក្រៅ​ច្បាប់​ ប្រឆាំង​ទៅ​នឹង​ក្រុម​សមត្ថកិច្ច​ក្នុង​ការ​បង្រ្កាប​ទីតាំង​ស្តុក​ឈើ​ ប្រណីត​របស់​អ្នក​ភូមិ។
ហេតុការណ៍​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​ក្រុម​សមត្ថកិច្ច​នៃ​អាជ្ញាធរ​ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​សៅរ៍ បាន​ធ្វើការ​បង្រ្កាប​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រណីត​មួយ​រថយន្ត​ចំណុះ ៦​ម៉ែត្រ​គូប​ដែល​គេ​ប៉ុន​ប៉ង​នាំ​ចេញ​ពី​ភូមិ​សោមគល់ ចេញ​ទៅ​ប្រទេស​វៀតណាម បន្ទាប់​មក ក្រុម​សមត្ថកិច្ច​បាន​ព្យាយាម​ចូល​ទៅ​បង្រ្កាប​ទីតាំង​លាក់​ឈើ​ក្នុង​ភូមិ ហើយ​អ្នក​ភូមិ​ចេញ​មុខ​ត​តាំង។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក យ៊ូកាន វិមាន បញ្ជាក់​ថា ៖ «គាត់ ​ការពារ​ឈើ​គាត់​តែ​ម្ដង គាត់​លើក​គ្នា​មក យក​សាំង​យក​អី​មក។ បទ​ល្មើស​វា​ហាក់​ដូច​ជា​មាន​លក្ខណៈ​តឹង​តែង អាជ្ញាធរ ខណ្ឌក៏​គាត់​មិន​នៅ​ស្ងៀម​ដែរ»។

អ្នក​ភូមិ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា អ្នក​ភូមិ​ស្ទើរ​អស់​ពី​ភូមិ​រួម​ទាំង​បុគ្គល​ជា​មន្ត្រី អាជ្ញាធរ​ភូមិ និង​ក្រុម​ប្រឹក្សា​ឃុំ​ខ្លះ នាំ​គ្នា​ចូល​ព្រៃ​កាប់​ឈើ​ប្រណីត​បន្ទាប់​ពី​ឈ្មួញ​ដែល​អ្នក​ភូមិ​ស្គាល់​ ថា​ជា​បុគ្គល​បំពេញ​ការងារ​ជា​មន្ត្រី​អាជ្ញាធរ​នៅ​តំបន់​នោះ​ជា​អ្នក​ចលនា​ ឲ្យ​អ្នក​ភូមិ​កាប់​ឈើ ហើយ​ពួក​គេ​ជា​អ្នក​ប្រមូល​ទិញ​នាំ​ចេញ​ទៅ​តំបន់​ព្រំដែន​ប្រទេស​វៀតណាម​នៅ​ ជិត​នោះ ទើប​អ្នក​ភូមិ​សម្រេច​ចិត្ត​នាំ​គ្នា​ឈប់​ធ្វើ​ស្រែ​ចម្ការ ហើយ​ចូល​ព្រៃ​កាប់​ឈើ​លក់​ដូច​គ្នា។

ប្រភព​បន្ត​ថា ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​បង្រ្កាប​សកម្មភាព​មន្ត្រី​មាន​អំណាច​ ធ្វើ​ជំនួញ​ឈើ​ខុស​ច្បាប់​នោះ​ទេ ហេតុ​ដូច្នេះ​អ្នក​ភូមិ​មិន​យល់​ព្រម​ឲ្យ​សមត្ថកិច្ច​រឹប​អូស​ឈើ​ពួក​គាត់​ ដូច​គ្នា ៖ «ឈើ​មាន​ពីរ​កន្លែង។ យប់​មិញ​ចេញ ៥​ឡាន​ហើយ យប់​មិញ។ អត់​ខ្លាច​អត់​អី​ទេ ថា​ត្រូវ​ចាប់ ចាប់​ទាំង​អស់​គ្នា បើ​ថា​ចាប់​អ្នក​តូច ចាប់​អ្នក​ធំ​ដូច​គ្នា បើ​អ្នក​ធំ​មិន​កុម្ម៉ង់ អ្នក​តូច​ធ្វើ ធ្វើ​អី?»។

កាល​ពី​រសៀល​ថ្ងៃ​ទី​២៦ មិថុនា ឆ្នាំ​២០០៩ អ្នក​ភូមិ​តេន ឃុំ​យ៉ាទុង មាន​គ្នា​ជាង ១០០​នាក់​ប្រដាប់​ដោយ​កាំបិត ដំបង ពូថៅ បាន​ប៉ះ​ទង្គិច​ដោយ​អំពើ​ហិង្សា​អស់​រយៈពេល​ជាង​មួយ​ម៉ោង​ជាមួយ​ក្រុម​ សមត្ថកិច្ច​ប្រដាប់​អាវុធ​ជាង ១០​នាក់​ក្នុង​ការ​ប៉ុង​ប៉ង​រឹប​អូស​ឈើ​ប្រណីត​អ្នក​ភូមិ​ដែល​លាក់​ទុក​ ដើម្បី​លក់។ ក៏​ប៉ុន្តែ​ក្រុម​សមត្ថកិច្ច​ព្យាយាម​ដក​ថយ។ ហើយ​ភាគី​ទាំង​ពីរ​មិន​មាន​ការ​រង​របួស​ធ្ងន់ធ្ងរ​និង​ស្លាប់​ទេ។

មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក​ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់​ថា សង្រ្គាម​ឈើ​ប្រណីត​កើត​មាន​ហើយ ដោយសារ​អ្នក​មាន​អំណាច​បាន​នាំ​មុខ​ដោយ​គ្មាន​ទោស​ពៃរ៍។

លោក ប៉ែន ប៊ុណ្ណារ៍ ថ្លែង​ដូច្នេះ​ថា ៖ «ឯកឧត្ដម​តំណាងរាស្រ្ដ ប៊ូ ថង លោក​បាន​លើក​យូរ​ហើយ ២​ឆ្នាំ​ហើយ ថា រតនគិរី​កំពុង​តែ​មាន​សង្រ្គាម ព្រៃ​ឈើ និង​ដី​ធ្លី។ ឥឡូវ​ចូល​ដល់​សភាពការណ៍​មួយ​ទុំ​ជោរ​ហើយ ហើយ​មិន​មែន​កើត​តែ​នៅ​ស្រុក​អូរ​យ៉ាដាវ​ទេ នៅ​តា​វែង​ក៏​យើង​ឃើញ​ដែរ ការ​ចុះ​ទៅ​កាប់​ឈើ​ដើម្បី​ធ្វើ​អាជីវកម្ម​ហ្នឹង​វា​មាន​លក្ខណៈ​ធំៗ​តែ​ម្ដង ​ឥឡូវ​ហ្នឹង»។

ប្រភព​អ្នក​ភូមិ​ខាង​លើ​ឲ្យ​ដឹង​ថា ឈើ​ដែល​ស្តុក​ទុក​មាន​នៅ​ភូមិ​សោម​គល់​ចាស់ ឃុំ​សោម​ធំ និង​ភូមិ​ពាក្យ ឃុំ​យ៉ាទុង ស្រុក​អូរ​យ៉ាដាវ តាម​សេចក្តី​រាយការណ៍​ថា ជា​ប្រភេទ​ឈើ​ធ្នង់​ចំណុះ​ប្រមាណ ៥០​ម៉ែត្រ​គូប។

ប្រភព​មន្ត្រី​ខេត្ត​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​នេះ អាជ្ញាធរ​ស្រុក​បាន​ព្យាយាម​ចរចា​ដោយ​សន្តិ​វិធី​ជាមួយ​នឹង​អ្នក​ភូមិ ក៏​ប៉ុន្តែ​អ្នក​ភូមិ​មិន​យល់​ព្រម ហើយ​អាជ្ញាធរ​ខេត្ត​ក៏​កំពុង​សុំ​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​មហាផ្ទៃ៕
From:

ไม่มีความคิดเห็น:

แสดงความคิดเห็น