លោក ហង្ស ចក្រា ជាចាងហ្វាងកាសែតខែ្មរម្ចាស់ស្រុក ដែលកំពុងតែជាប់នៅក្នុងគុកព្រៃសនោះ តាមប្រភពបានឲ្យដឹងថា លោកមានសុខភាពល្អជាធម្មតាទេ ប៉ុន្តែលោកកំពុងត្រូវបានឃុំខ្លួននៅក្នុងបន្ទប់តូចចង្អៀតមួយដែល មានពិរុទ្ធជនសរុបចំនួន៥០នាក់រស់នៅជាមួយគ្នានោះ។
ស្របពេលជាមួយគ្នានេះ អង្គការក្រៅរដ្ឋាភិបាលមួយបានឲ្យដឹងថា លោក ហង្ស ចក្រា នោះ កំពុងតែមានជំងឺតម្រងនោមនិងជំងឺតានតឹងនៅក្នុងខួរក្បាល។
លោក ជូង ជូងី ជាមេធាវីលោក ហង្ស ចក្រា ដែលបានទៅជួបសួរសុខទុក្ខកូនក្តីរបស់លោកនៅក្នុងគុកព្រៃស នៅរសៀលម៉ោង២ ថ្ងៃច័ន្ទ ទី១៣ កក្កដា ២០០៩ បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីថា ៖ «សុខភាពគាត់គ្មានបញ្ហាអី ទេ។ ខ្ញុំសំខាន់ទៅលើកិច្ចការដែលខ្ញុំត្រូវធ្វើក្នុងករណីគាត់ហ្នឹង តុលាការនឹងបញ្ជូនសំណុំរឿងទៅឧទ្ធរណ៍ អ៊ីចឹងខ្ញុំនឹងតាមទៅការពារគាត់នៅឧទ្ធរណ៍ ពីព្រោះអម្បាញ់មិញហ្នឹងខ្ញុំបានសួរបញ្ជាក់គាត់ថា តើគាត់នៅតែត្រូវការខ្ញុំជាមេធាវីទៅឧទ្ធរណ៍ទៀតទេ? គាត់ថា នៅតែត្រូវការខ្ញុំជាមេធាវីការពារគាត់នៅសាលាឧទ្ធរណ៍ទៀត»។
លោកបានបន្តថា រូបលោកនិងកូនក្តីរបស់លោកបានប្តឹងទៅតុលាការសាលាឧទ្ធរណ៍រួចហើយ កាលពីថៃ្ងទី២៦ ខែមិថុនា កន្លងទៅ។ រូបលោកកំពុងរង់ចាំថៃ្ងបើកសវនាការនៅតុលាការសាលាឧទ្ធរណ៍នាពេលខាង មុខ ប៉ុន្តែគេនៅមិនទាន់បានកំណត់កាលបរិចេ្ឆទនៅទ្បើយ។
លោកបានមានប្រសាសន៍ទៀតថា នៅមុនការចូលជួបសួរសុខទុក្ខកូនក្ដីរបស់លោកនោះ កូនស្រីរបស់លោក ហង្ស ចក្រា ឈ្មោះ ហង្ស នេត្រា និងស្វាមី បានចូលជួបសួរសុខទុក្ខឪពុករបស់ខ្លួនផងដែរនៅព្រឹកថៃ្ងច័ន្ទ នេះ។
លោក អំ សំអាត ជាប្រធានផែ្នកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថែ្លងថា ក្រុមគ្រូពេទ្យរបស់អង្គការសិទ្ធិមនុស្សលីកាដូ ទើបតែទទួលបានការអនុញ្ញាតពីនាយកដ្ឋានពន្ធនាគារកាលពីពេលថ្មីៗនេះ ឲ្យចូលជួបនិងពិនិត្យសុខភាពលោក ហង្ស ចក្រា នៅថ្ងៃច័ន្ទនេះ។
លោក អំ សំអាត មានប្រសាសន៍ដូច្នេះថា ៖ «ការពិនិត្យសុខភាពរបស់ គាត់ គាត់មានបញ្ហាសុខភាព ទាក់ទងនឹងបញ្ហាផ្លូវតម្រងនោម ដោយសារតែគាត់មានជំងឺទាស់នោម។ ក្រុមគ្រូពេទ្យបានព្យាបាលនិងឲ្យថ្នាំសម្រាប់គាត់ពិសា។ ក្រៅពីហ្នឹង គ្រាន់តែថាគាត់មានជំងឺហប់ តប់ប្រមល់ កាលណាតប់ប្រមល់ខ្លាំងទៅ គាត់នឹងអាចមានបញ្ហាហៅថា បញ្ហាខួរក្បាលរបស់គាត់ហ្នឹង គឺវាដើរអត់សូវស្រួល»។
លោក ហង្ស ចក្រា ជាចាងហ្វាងកាសែតខែ្មរម្ចាស់ស្រុក ត្រូវបានតុលាការក្រុងភ្នំពេញបានកាត់ទោសកំបាំងមុខកាលពីថៃ្ងទី ២៦ ខែមិថុនា កន្លងទៅនេះ ឲ្យជាប់គុករយៈពេល ១២ខែ និងបានផាកពិន័យជាប្រាក់ចំនួន៩លានរៀល ក្រោមបទចោទប្រកាន់ថា បានផ្សាយព័ត៌មានមិនពិតនិងបទបរិហារកេរ្តិ៍ ដោយសារតែកាសែតរបស់លោកបានផ្សាយអត្ថបទមួយចំនួនកាលពីខែមេសា និងខែឧសភាកន្លងទៅ ជាមួយនឹងការចោទប្រកាន់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបំបែកសម្បុកមន្រ្តីអាក្រក់និងពុករលួយនៅជុំវិញលោក សុខ អាន។
លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ជារដ្ឋមន្រ្តីនៃទីស្តីការគណៈរដ្ឋមន្រ្តីបានបដិសេធការផ្សាយនេះនៅ ក្នុងកិច្ចប្រជុំសភាកាលពីខែមិថុនាកន្លងទៅនេះ។
ចំណែកឯក្រុមអង្គការសង្គមស៊ីវិលការពារសិទ្ធិមនុស្ស បានហៅការប្តឹងនោះជាយន្តការមួយបំបិទសេរីភាពក្នុងការបញ្ចេញមតិ និងការរិះគន់៕
From:
วันอังคารที่ 14 กรกฎาคม พ.ศ. 2552
ហង្ស ចក្រា ត្រូវឃុំនៅក្នុងបន្ទប់មួយជាមួយអ្នកទោស៥០នាក់
สมัครสมาชิก:
ส่งความคิดเห็น (Atom)
ไม่มีความคิดเห็น:
แสดงความคิดเห็น