ចៅក្រមសាលាឧទ្ធរណ៍ នៅថ្ងៃច័ន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០០៩ ច្រានចោលពាក្យស្នើសុំរក្សាការពារដីលំនៅឋានរបស់ពលរដ្ឋក្រុម៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ក្រុងភ្នំពេញ និងតម្កល់សេចក្តីសម្រេចរបស់តុលាការសាលាដំបូងថាជាបានការ។
តំណាងប្រជាជនក្រុម៧៨ ប្រមាណ ៣០នាក់ បានទៅចូលរួមស្តាប់សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍។
លោក លឹម លីកៀន ដែលជាតំណាងអ្នករងគ្រោះ បានថ្លែងថា ពួកគាត់ត្រូវសាលារាជធានីភ្នំពេញឲ្យរើផ្ទះចេញនៅថ្ងៃ១៧ ខែកក្កដាខាងមុខ ដោយមានដីកាសម្រេចមិនរក្សាការពារដីឲ្យក្រុម ៧៨ របស់តុលាការសាលាដំបូង ទើបពួកគាត់ដាក់ពាក្យប្តឹងទាស់ទៅសាលាឧទ្ធរណ៍សុំរក្សាការពារ ប៉ុន្តែតុលាការសាលាឧទ្ធរណ៍បានច្រានចោលទៀត។
លោក លឹម លីកៀន មានប្រសាសន៍ដូច្នេះថា ៖ «តុលាការសាលាឧទ្ធរណ៍គេ គ្រាន់តែប្រាប់យើងថា គាត់មិនអាចសម្រេចចេញដីកាការពារហ្នឹងទេ ពីព្រោះដីយើងនៅក្នុងសមត្ថកិច្ចរបស់គណៈកម្មការសុរិយោដីជាតិ»។
លោក ខេង សុខរ័ត្ន តំណាងក្រុម៧៨ដែរ អះអាងថា ពួកគាត់រស់នៅតំបន់ក្បែរមាត់ទន្លេ តាំងពីឆ្នាំ១៩៨៣ ដោយមានសុរិយោដី ភូមិ ឃុំ សង្កាត់ ចេញចុងសន្លឹកកាន់កាប់។ បើនិយាយតាមច្បាប់ភូមិបាលឆ្នាំ២០០១ ពួកគាត់ជាម្ចាស់ភោគៈ។ ស្រាប់តែក្រោយឆ្នាំ២០០៦ បន្ទាប់ពីអាជ្ញាធរក្រុងបម្លាស់ទីអ្នកសហគមន៍សម្បុកចាបអស់មក សាលាក្រុងបែរជាមកចោទក្រុម៧៨ ភូមិ១៤ ថារស់នៅសេសសល់លើដីសម្បុកចាប និងលើដីបូមចាក់របស់ក្រុមហ៊ុន ស៊ូស្រ៊ុន និងនៅលើចំណីផ្លូវ ដែលត្រូវការអភិវឌ្ឍ ទើបពួកគាត់ប្តឹងតវ៉ា រហូតមានលិខិតពីអាជ្ញាធរសុរិយោដីជាតិឲ្យអាជ្ញាធរក្រុងជួយ ដោះស្រាយ។
សាលាក្រុងបានដោះស្រាយឲ្យពួកគាត់យកប្រាក់ ៨.០០០ដុល្លារ ឬប្រាក់ ៥.០០០ដុល្លារ និងដី១ឡូតិ៍ នៅភូមិត្រពាំងអញ្ចាញ ទំហំ ៥ម៉ែត្រ បណ្តោយ ១២ម៉ែត្រ ដែលអ្នករស់នៅក្រុម ៧៨ មួយចំនួន ក្រោយពីមានលិខិតជូនដំណឹងថា នឹងប្រើកម្លាំងចម្រុះអនុវត្តច្បាប់ភូមិបាល នៅថ្ងៃ១៧កក្កដាខាងមុខ អ្នកមានដីនិងផ្ទះទំហំតូចៗព្រមយកប្រាក់តាមការដោះស្រាយ ប្រមាណជិត ២០គ្រួសារ ព្រមរើផ្ទះចេញ។ ហើយប្រមាណ ៤០គ្រួសារទៀត ចង់ឲ្យសាលាក្រុងទិញដូរដីតាមតម្លៃទីផ្សារសេរី។
លោក ខេង សុខរ័ត្ន ថ្លែងដូច្នេះថា ៖ «យើងខ្ញុំនៅតែព្យាយាមធ្វើការទាមទារតវ៉ាសុំឲ្យមានការដោះស្រាយឲ្យបានតម្លាភាព»។
មេធាវីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលការពារក្តីប្រជាជនក្រុម ៧៨ លោក សួង សុភា មានប្រសាសន៍ថា យោងតាមច្បាប់ភូមិបាលឆ្នាំ២០០១ អ្នករស់នៅក្រុម៧៨ គឺជាម្ចាស់ភោគៈ ៖ «បើធ្វើដោយបង្ខំអ៊ីចឹង គឺខុសនឹងនីតិវិធីគណៈកម្មការសុរិយោដី»។
ពាក់ព័ន្ធបញ្ហានេះ មន្រ្តីជាន់ខ្ពស់នៃសាលារាជធានីភ្នំពេញ មមាញឹកប្រជុំ មិនទាន់អាចឆ្លើយតបបានឡើយនៅថ្ងៃនេះ។
អ្នករស់នៅក្រុម៧៨ បានឲ្យដឹងថា ក្រុម ៧៨នោះ ត្រូវសាលារាជធានីហៅទៅប្រជុំច្រើនដងដើម្បីដោះស្រាយបញ្ហាដីធ្លី នេះ។ ប៉ុន្តែអាជ្ញាធរក្រុងមិនដែលបានផ្តល់នាទីឲ្យអ្នកស្រុកបានបំភ្លឺ ឡើយជុំវិញដីធ្លីនេះ៕
From:
วันอังคารที่ 14 กรกฎาคม พ.ศ. 2552
សាលាឧទ្ធរណ៍ច្រានចោលសំណើរបស់ពលរដ្ឋនៅក្រុម៧៨
สมัครสมาชิก:
ส่งความคิดเห็น (Atom)
ไม่มีความคิดเห็น:
แสดงความคิดเห็น