วันจันทร์ที่ 13 กรกฎาคม พ.ศ. 2552

មឿង សុន អំពាវនាវ​ឲ្យ​ចៅក្រម​ពិនិត្យ​រឿង​ក្ដី​តាម​ស្មារតី​សុភ​វិនិច្ឆ័យ

លោក មឿង សុន ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយ​ធម៌​ខ្មែរ។

ប្រធាន​អង្គការ​មូលនិធិ​អរិយធម៌​ខ្មែរ លោក មឿង សុន ដែល​កំពុង​ភៀស​ខ្លួន​ជ្រក​កោន​នៅ​ប្រទេស​បារាំង បាន​អំពាវនាវ​សុំ​ចៅក្រម​កម្ពុជា​ដើម្បី​ពិនិត្យ​ករណី​របស់​លោក​ទៅ​តាម​ ស្មារតី​សុភ​វិនិច្ឆ័យ​ខ្ពង់​ខ្ពស់​មួយ ដោយ​បាន​មាន​ប្រសាសន៍​ថា អ្វី​ដែល​លោក​បាន​លើក​ឡើង​ទាក់ទង​នឹង​ការ​ដាក់​តាំង​ពន្លឺ​ភ្លើង​នៅ​ប្រាសាទ ​អង្គរ​នោះ ក៏​ពុំ​មាន​អ្វី​ខុស​គ្នា​ពី​ការ​យល់​ឃើញ​របស់​អង្គការ​យូណេស្កូ​ឡើយ។

លោក មឿង សុន ថ្លែង​យ៉ាង​ដូច្នេះ ៖ «ខ្ញុំ​សូម​អំពាវនាវ​សុំ​ឲ្យ​លោក​ ចៅក្រម គាត់​មាន​សុភ​វិនិច្ឆ័យ​មួយ​ខ្ពស់ ដោយ​រឿង​ដែល​ខ្ញុំ​បាន​រិះ​គន់​ចំពោះ​ការ​ដាក់​ភ្លើង​មិន​ត្រឹម​ត្រូវ​នៅ​ អង្គរ​វត្ត​របស់​ក្រុមហ៊ុន ស៊ូជីង នេះ ក៏​មិន​ខុស​គ្នា​ពី​អង្គការ​យូណេស្កូ​ដែរ ព្រោះ​យូណេស្កូ គាត់​មាន​ទស្សនៈ​ដូច​ខ្ញុំ គឺ​គាត់​ឲ្យ​ផ្លាស់​ប្ដូរ​អំពូល​ចង្កៀង​ហើយ​ក៏​ផ្លាស់​ប្ដូរ​ទី​កន្លែង​ដែរ គាត់​មិន​ឲ្យ​ដាក់​នៅ​ខាង​ក្នុង​អង្គរ​ទេ ហើយ​អំពូល​ភ្លើង​ក៏​មិន​ឲ្យ​ប្រើ​ប្រភេទ​ដែល​ប្រជា​ពលរដ្ឋ​ក្ដី រូប​ខ្ញុំ​ក្ដី ដែល​បាន​មើល​ឃើញ​នោះ​ដែរ។ ហ្នឹង​ជា​ទស្សនៈ​ដូច​គ្នា ហេតុ​ដូច្នេះ​ខ្ញុំ​សូម​អង្វរ​ហើយ​អង្វរ​ទៀត សូម​លោក​ចៅក្រម​មេត្តា​កុំ​កាត់​ក្ដី​នៅ​ក្រោម​ឥទ្ធិពល​របស់​បុគ្គល គឺ​សូម​ឲ្យ​នៅ​ក្រោម​អំណាច​ច្បាប់​របស់​ជាតិ និង​ច្បាប់​អន្តរជាតិ ពីព្រោះ​អង្គរ​វត្ត​ជា​បេតិក​ភណ្ឌ​ពិភពលោក»។

ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា គឺ​លោក​មេធាវី សុក សំអឿន បាន​មាន​ប្រសាសន៍​ថា ករណី​លោក មឿង សុន គឺ​ជា​ករណី​ដែល​ធ្វើ​ឡើង​ដោយ​នីតិ​វិធី​បញ្ជូន​ទៅ​ជម្រះ​តែ​ម្តង ដោយ​ពុំ​មាន​ឆ្លង​កាត់​ការ​ស៊ើប​អង្កេត​របស់​ចៅក្រម​ស៊ើប​អង្កេត​ឡើយ អាស្រ័យ​លើ​ភស្តុតាង​ដែល​ព្រះ​រាជ​អាជ្ញា​យល់​ថា មាន​គ្រប់​គ្រាន់ ឬ​មិន​គ្រប់​គ្រាន់​ប៉ុណ្ណោះ។

លោក សុក សំអឿន បាន​បញ្ជាក់​ទៀត​ថា ដោយ​ករណី​នេះ​មាន​ភាព​ចម្លែក លោក​គិត​ថា លោក មឿង សុន ឬ​មេធាវី​របស់​លោក​មាន​សិទ្ធិ​ស្នើ​សុំ​ឲ្យ​បញ្ជូន​ករណី​នេះ​ត្រឡប់​ទៅ​ ចៅក្រម​ស៊ើប​អង្កេត​វិញ​បាន ៖ «ក្នុង​ករណី​លោក មឿង សុន នេះ គេ​ហៅ​ថា ការ​បញ្ជូន​ទៅ​ជម្រះ​ផ្ទាល់ មាន​ន័យ​ថា បើ​ជា​ករណី​បទ​ល្មើស​ជាក់​ស្ដែង ព្រះ​រាជ​អាជ្ញា​គេ​យល់​ថា គេ​មាន​ភស្តុតាង​គ្រប់​គ្រាន់ គេ​បញ្ជូន​ទៅ​ជម្រះ​ផ្ទាល់​តែ​ម្ដង ក៏​ប៉ុន្តែ​ចំណុច​នេះ​គឺ​ថា ជន​ជាប់​ចោទ គេ​មាន​សិទ្ធិ​នឹង​សុំ​ឲ្យ​ចៅក្រម​ជំនុំ​ជម្រះ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប​ អង្កេត ហ្នឹង​ទី​មួយ។ ទី​ពីរ ក្នុង​ករណី​លោក មឿង សុន នេះ យើង​មាន​ចំណុច​មិន​ប្រក្រតី​មួយ​ត្រង់​ថា តាម​ពិត​ទៅ ក្នុង​នីតិ​វិធី​ជម្រះ​ផ្ទាល់​ហ្នឹង គឺ​មិន​ត្រូវ​ឲ្យ​លើស​ពី​មួយ​សប្ដាហ៍​ទេ ប្រសិន​បើ​ក្នុង​ករណី​ដែល​អត់​ចាប់​ខ្លួន ប៉ុន្តែ​រឿង​របស់​លោក មឿង សុន យើង​ឃើញ​ថា ហេតុ​កើត​នៅ​ថ្ងៃ​២៣ [មេសា] ហើយ​បញ្ជូន​ទៅ​ជម្រះ​នៅ​ថ្ងៃ​ទី​១៤ [កក្កដា] ដូច្នេះ​វា​លើស​ខុស​គ្នា​ឆ្ងាយ ដែល​ទោះ​បី​យ៉ាង​ណា មេ​ធាវី​គេ​អាច​ទាមទារ​និង​លើក​ឡើង​ថា ជា​ភាព​មិន​ប្រក្រតី​មួយ​ដែល​ថា ចៅក្រម​ជម្រះ​មិន​អាច​នឹង​បន្ត​ការ​ជំនុំ​ជម្រះ​បាន​ទេ ទាល់​តែ​បញ្ជូន​រឿង​ក្ដី​នេះ​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​បើក​ការ​ស៊ើប​សួរ​ វិញ»។

សូម​ជម្រាប​ថា វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​លោក​មេធាវី​របស់​លោក មឿង សុន បាន​ទេ កាល​ពី​យប់​មិញ​នេះ (ថ្ងៃ​ទី​១២ កក្កដា ២០០៩)។

ទោះ​បី​យ៉ាង​ណា​ក្តី លោក មឿង សុន ដែល​ពិនិត្យ​ឃើញ​ករណី​របស់​លោក​មាន​លំអាន​ដូច​លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​«ខ្មែរ​ម្ចាស់​ស្រុក» ដែល​ត្រូវ​តុលាការ​កាត់​សេចក្តី​តាម​នីតិ​វិធី​ដោយ​ការ​បញ្ជូន​ទៅ​ជម្រះ​តែ​ ម្តង ដោយ​ពុំ​មាន​ការ​ស៊ើប​អង្កេត​ជា​មុន​នោះ បាន​អំពាវនាវ​ពី​ប្រទេស Andora មក​ថា លោក​មាន​សង្ឃឹម​តែ​ម្យ៉ាង គឺ​ការ​សុំ​ក្តី​អនុគ្រោះ​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ព្រះ​មហាក្សត្រ​ខ្មែរ និង​អំពី​អង្គការ​សហ​ប្រជាជាតិ​ប៉ុណ្ណោះ។

លោក មឿង មាន​ប្រសាសន៍​ថា ៖ «បើ​ករណី​នេះ​ខ្ញុំ​នៅ​តែ​ទទួល​ការ​រង​ គ្រោះ​ជាប់​ទោស​ដោយ​អយុត្តិធម៌ គឺ​ខ្ញុំ​មិន​មាន​អី​សង្ឃឹម​ក្រៅ​តែ​អំពី​ការ​អំពាវនាវ​សុំ​ទៅ​សម្ដេច ហ៊ុន សែន ម្ដង​ទៀត ពីព្រោះ​លិខិត​ដែល​ខ្ញុំ​បាន​ផ្ញើ​ទៅ​សម្ដេច ហ៊ុន សែន បើ​តាម​ខ្ញុំ​ដឹង អត់​បាន​ដល់​សម្ដេច​ទេ។ ខ្ញុំ​សូម​ទទូច​ដល់​សម្ដេច ហ៊ុន សែន សូម​លោក​ធ្វើ​ការ​វិនិច្ឆ័យ​ជា​ថ្មី ... សូម​ឲ្យ​ព្រះ​ករុណា សូម​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​សូម​ឲ្យ​លោក​ចាប់​អារម្មណ៍​តាម​ដាន​រឿង​របស់​ ខ្ញុំ​ឲ្យ​មាន​យុត្តិធម៌»៕


From:

ไม่มีความคิดเห็น:

แสดงความคิดเห็น