សាក្សីដ៏សំខាន់មួយរូបនិងជាអតីតមេកងសួរចម្លើយអ្នកទោសនៅមន្ទីរ ស-២១ ឬគុកទួលស្លែង នៃរបបកម្ពុជាប្រជាធិបតេយ្យ បានបំភ្លឺអំពីការសួរចម្លើយឈ្លើយសឹកវៀតណាម។
សាក្សីអាយុ៧៦ឆ្នាំ លោក ម៉ម ណៃ ហៅ ចាន់ ដែលជាអតីតអនុប្រធានគុកទួលស្លែង បានបំភ្លឺដល់ដល់អង្គសវនាការអំពីអ្វីដែលលោកបានធ្វើ និងការទទួលខុសត្រូវរបស់លោកនៅមន្ទីរស-២១ ឬគុកទួលស្លែង បន្ទាប់ពីមានការសាកសួរពីសំណាក់សហចៅក្រមអន្តរជាតិនៃអង្គជំនុំ ជម្រះរបស់សាលាដំបូងនៃសាលាក្ដីខ្មែរក្រហម គឺលោកស្រី Dame Silvia Cartwright កាលពីថ្ងៃអង្គារ ទី១៤ ខែកក្កដា ដោយផ្ដោតជាពិសេសលើការសួរចម្លើយចំពោះឈ្លើយសឹកវៀតណាម។
លោក ម៉ម ណៃ បានឲ្យដឹងថា ៖ «ការសួរទាហានវៀតណាមនេះវាមិនបាច់បង្ខិតបង្ខំគេទេ ពីព្រោះសួរតែមុខងារ ស័ក្ដិ អង្គភាព ហើយនិងអាវុធប្រើប្រាស់ក្នុងអង្គភាព»។
ទោះយ៉ាងណា លោក ម៉ម ណៃ បានបញ្ជាក់ថា លោកមិនបានដឹងអំពីជោគវាសនារបស់ឈ្លើយសឹកវៀតណាមទាំងនោះទេ ក្រោយពីការសួរចម្លើយ ព្រោះលោកមានតួនាទីត្រឹមតែជាអ្នកសួរចម្លើយប៉ុណ្ណោះ។
ពាក់ព័ន្ធទៅនឹងការធ្វើសង្គ្រាមរវាងកម្ពុជាប្រជាធិបតេយ្យនិង សាធារណរដ្ឋសង្គមនិយមវៀតណាម លោក ម៉ម ណៃ បានអះអាងថា កម្ពុជាត្រូវបានគេឈ្លានពាន ៖ «ចំពោះទាហានខ្ញុំជឿជាក់ក្នុង ចិត្តថាជាពួកឈ្លានពានទឹកដីកម្ពុជា សុទ្ធសាធអត់មានអ្នកល្អទេ ជាពួកមកវ៉ៃខ្មែរមកយកប្រទេសខ្មែរ»។
ជាមួយគ្នានេះដែរ លោក ម៉ម ណៃ បានសម្ដែងនូវការសោកស្ដាយរបស់លោកតបទៅនឹងសំណួររបស់សហចៅក្រមអន្តរជាតិគឺលោក Marc Lavergne។
លោក ម៉ម ណៃ បានបញ្ជាក់ថា ៖ «ក្រោយពីអាមេរិកាំងគឺត្រូវយួន ឈ្លានពាន ប្រជាជនមិនបានសុខ ប្រទេសជាតិក៏ត្រូវហិនហោច អាហ្នឹងខ្ញុំសោកស្ដាយអ៊ីចឹង»។
លោក ម៉ម ណៃ ក៏បានបញ្ជាក់ផងដែរអំពីមូលហេតុដែលនាំឲ្យខ្មែរក្រហមបរាជ័យ ៖ «មក ពីមានការឈ្លានពានពីខាងវៀតណាម ពីព្រោះនៅក្នុងសង្គមកម្ពុជា ពេលនោះវាចាប់បែកបាក់គ្នា ហើយជាប្រវត្តិសាស្រ្ដកាលណាតែបែកបាក់សាមគ្គីហើយវាចាញ់គេហើយ»។
លោក ម៉ម ណៃ បានឲ្យដឹងថា លោកជាអតីតសាស្ត្រាចារ្យនិងជានាយកអនុវិទ្យាល័យ ដោយមានបរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ ហើយលោកបានចូលបម្រើបដិវត្តន៍នៅឆ្នាំ១៩៧៣ តាមការស្នើសុំរបស់ ឌុច ដែលដំបូងឡើយលោកមានតួនាទីជាអ្នកសួរចម្លើយអ្នកទោសមិនសំខាន់នៅ មន្ទីរសន្តិសុខម-១៣អមលាំងក្នុងខេត្តកំពង់ស្ពឺ ហើយជាចុងក្រោយលោកបានក្លាយជាមេកងសួរចម្លើយនៅគុកទួលស្លែងតែ ម្ដង។
សូមជម្រាបជូនផងដែរថា ការផ្ដល់សក្ខីកម្មរបស់លោក ម៉ម ណៃ នៅមិនទាន់ចប់នៅឡើយទេ ហើយប្រធានចៅក្រមអង្គជំនុំជម្រះរបស់សាលាដំបូង លោក និល ណុន បានមានប្រសាសន៍ថា ការផ្ដល់សក្ខីកម្មពីសំណាក់សាក្សីរូបនេះនឹងត្រូវបន្តនៅថ្ងៃពុធ ទី១៥ កក្កដាតទៅទៀត ដោយមានមេធាវីសម្រាប់លោក ម៉ម ណៃ ផងដែរ គឺលោកមេធាវី គង់ សំអុន៕
From:
ไม่มีความคิดเห็น:
แสดงความคิดเห็น