ការសិក្សាស្រាវជ្រាវមួយបានរកឃើញថា យុវជនខ្មែរដែលចេះទទួលទានគ្រឿងស្រវឹងមានចំនួនច្រើនឡើងៗ ទោះជាពួកគេបញ្ជាក់ថាសុរាធ្វើឲ្យខ្លួនរបស់គេមិនស្រួលក្រោយពេល ទទួលទានហើយក៏ដោយ។ នៅតាមភោជនីយដ្ឋានតាមបណ្តោយផ្លូវលំមួយខាងកើតវិទ្យាល័យ សន្ធរម៉ុក មានភោជនីយដ្ឋានជាច្រើនដែលបើកលក់នៅពេលរសៀលនិងពេលរាត្រី មានស្លាកយីហោសម្គាល់សម្រាប់លក់ស្រាបៀរនិងគ្រឿងក្លែមគ្រប់មុខ។
នៅក្នុងភោជនីយដ្ឋានដែលមានប្រុសៗ មានកេ្មងចាស់ អង្គុយជុំៗគ្នាកំពុងអង្គុយជជែកគ្នា រួមទាំងមានកែវស្រាបៀរផង។ ក្នុងចំណោមអ្នកទាំងនោះក៏មានមនុស្សប្រុសៗវ័យជំទង់ផងដែរ។
យុវជនម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានថ្លែងឲ្យដឹងថា គាត់ទទួលទានស្រាបៀរស្ទើរជារៀងរាល់ថ្ងៃជាមួយនិងមិត្តភ័កិ្តរបស់ គាត់ក្រោយពេលដែលបំពេញការងារចប់នោះ ៖ «មូលហេតុដែលខ្ញុំ ចូលចិត្តមកទទួលទាន ដូចថាបន្លប់ការងារស្មុគស្មាញរបស់ខ្ញុំហ្នឹង។ ខ្ញុំទទួលស្គាល់ថាពេលស្រវឹងលំបាក ដូចថាយើងហូបដល់ម៉ោង១ ម៉ោង២អ៊ីចឹង ព្រឹកឡើងយើងត្រូវឡើងមកធ្វើការម៉ោង៧ព្រឹក ពេលនោះហើយខ្លួនខ្ញុំក៏មានការលំបាកដែរ ដោយសារតែសារធាតុស្រវឹងវាអត់ទាន់សាប»។
ក្រៅពីមានបុរសៗមួយចំនួនបានចំណាយលុយកាក់ក្នុងការទទួលទាន ស្រាបៀរក្រោយពេលបំពេញការងាររបស់ខ្លួននោះ គេក៏សង្កេតឃើញមានក្រុមក្មេងៗវ័យជំទង់មួយចំនួនបានទទួលទាន ស្រាបៀរដូចមនុស្សចាស់ដែរ។
យុវសិស្សវ័យ១៨ឆ្នាំ រៀននៅវិទ្យាល័យព្រះយុគន្ធ បានថ្លែងថា គាត់ក៏ធ្លាប់ផឹកស្រាបៀរដែរ ជាពិសេសនៅពេលដែលជួបជុំមិត្តភ័ក្តិនោះ ៖ «ពេលទំនេរថ្ងៃឈប់ សម្រាកញ៉ាំបន្តិចបន្តួច ៣កំប៉ុងអីជួបជុំគ្នាជាមួយមិត្តភ័ក្ដិ ១ខែម្ដង តាមបៀរហ្គារឌិន។ ពិបាក ក្អួត ងើបពីព្រលឹមឈឺក្បាល»។
លោក សន ជ័យ ស្ថាបនិកវិទ្យាស្ថានខ្មែសម្រាប់ការអភិវឌ្ឍជាតិ បានមានប្រសាសន៍ថា កត្តាដែលនាំឲ្យយុវជនផឹកស្រាបៀរកាន់តែច្រើននេះ គឺដោយសារតែការផ្សព្វផ្សាយពាណិជ្ជកម្មនានាដែលអូសទាញពួកគេនោះ។
លោក សន ជ័យ បានឲ្យដឹងថា ៖ «កត្តាដែលនាំឲ្យយុវជនទៅប្រើប្រាស់ គ្រឿងស្រវឹងដែលខុសពីមុននេះ គឺបណ្ដាលមកពីរដ្ឋាភិបាលយើង ជាពិសេសក្រសួងវប្បមធម៌ឬក៏ក្រសួងពាណិជ្ជកម្ម អនុញ្ញាតឲ្យមានផ្សព្វផ្សាយពាណិជ្ជកម្មនូវផលិតផលទាក់ទងនឹងគ្រឿង ស្រវឹងហ្នឹង ដូចជាមានការលើកទឹកចិត្តពេក។ យើងឃើញហើយគេមានប្រើពាក្យពេចន៍ រូបភាពពិសេសជាងអ្វីដែលអ្នកបានឃើញ ដាក់មួយហើយចង់ដាក់មួយទៀតអីអ៊ីចឹងទៅ។ ទីពីរ ប្រទេសកម្ពុជាយើង យើងអត់ទាន់មានគោលនយោបាយគ្រឿងស្រវឹងទេ ថាតើមនុស្សម្នាក់គេអាចផឹកស្រាបានប៉ុន្មានក្នុងមួយថ្ងៃ? ព្រោះយើងមើលទៅស្រានៅប្រទេសខ្មែរយើងផឹកបានគ្រប់ពេលវេលា ឲ្យតែមនុស្សចង់»។
ចំណែកឯ លោក ហ៊ឹម យន់ អនុប្រធានសមាគមយុវជនខ្មែរ បានមានប្រសាសន៍ថា កត្តាដែលរួមផ្សំធ្វើឲ្យក្រុមយុវជនងាករកការទទួលទានគ្រឿងស្រវឹង នោះ គឺដោយសារតែនៅក្នុងប្រទេសកម្ពុជានៅមិនទាន់មានគោលនយោបាយ គ្រប់គ្រងគ្រឿងស្រវឹងឲ្យបានហ្មតចត់នៅឡើយ។ លោកបន្ថែមទៀតថា បញ្ហាខ្វះទីកន្លែងកម្សាន្តនិងកីឡានោះក៏ជាកត្តាចម្បងសម្រាប់ពួក គេផងដែរ ហើយយុវជនខ្វះការកំណត់គោលដៅផ្ទាល់ខ្លួន។
លោក ហ៊ឹម យន់ បានមានប្រសាសន៍ថា ៖ «ការដែលពួកគេទទួលបាន ការអប់រំខ្លះ ហើយអ្នកខ្លះក៏មិនទទួលបានការអប់រំ ហើយបញ្ហាការងារធ្វើ ព្រោះឥឡូវហ្នឹងបើយើងមើលទៅយុវជនពេលដែលគេទំនេរ គេមិនសូវមានកន្លែងណាសម្រាប់កម្រាន្តទេ។ ឧទាហរណ៍ថា កន្លែងលេងកីឡាឲ្យបានច្រើនឬក៏រមណីយដ្ឋានហ្នឹងឲ្យបានច្រើន ដើម្បីឲ្យពួកគេកម្សាន្តហ្នឹង ហើយបណ្ណាល័យក៏គួរឲ្យមានច្រើនអីទាំងអស់ហ្នឹង ។ ទាំងអស់ហ្នឹងហើយដែលធ្វើឲ្យយុវជនមានកន្លែងសម្រាប់ទៅ បើមិនអ៊ីចឹងទេ ពួកគេចេះតែជួបជុំគ្នា ហើយបែរជានាំគ្នាផឹកអីអ៊ីចឹងទៅ នេះជាប្រការមួយមិនល្អទេ»។
លោក ហ៊ឹម យន់ បានថ្លែងឲ្យដឹងទៀតថា លទ្ធផលនៃការទទួលទានគ្រឿងស្រវឹងរបស់យុវជននោះគឺកើតឲ្យមានអំពើ ហិង្សា រួមជាមួយនឹងគ្រោះថ្នាក់ដែលកើតឡើងជារឿយៗនោះ។
បើតាមរបាយការណ៍មួយរបស់អង្គការជនពិការអន្តរជាតិបែលហ្ស៊ិកដែល ចេញផ្សាយនាពេលថ្មីៗនេះបានឲ្យដឹងថា ក្នុងខែមីនា ឆ្នាំ២០០៩នេះ អត្រានៃអ្នកគ្រោះថ្នាក់ចរាចរណ៍មានជនរងគ្រោះចំនួន២.១៥១នាក់ នៅក្នុងនោះមានជនរងគ្រោះ១៧៣នាក់បានស្លាប់ និង៦៦៦នាក់រងរបួសធ្ងន់។
នៅក្នុងរបាយការណ៍បានបញ្ជាក់ទៀតថា ១៥ %នៃជនរងគ្រោះគឺមានជាតិស្រវឹងក្នុងខ្លួន និង៤០%នៃជនរងគ្រោះនោះមានអាយុចន្លោះពី១៥ទៅ២៥ឆ្នាំ។
លោក សែម បញ្ញាវុឌ្ឍ មន្ត្រីគ្រប់គ្រងប្រព័ន្ធព័ត៌មានជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកនៃអង្គការជនពិការអន្តរជាតិបែលហ្ស៊ិក មានប្រសាសន៍ឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងនោះ ដោយសារតែការអនុវត្តច្បាប់ចរាចរណ៍មិនទាន់បានគ្រប់ជ្រុងជ្រោយ។ លោកក៏បានលើកឡើងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនាពេលកន្លងមកនោះគឺកើតឡើងដោយសារ ស្រវឹងស្រា។
លោក សែម បញ្ញាវុឌ្ឍ បានមានប្រសាសន៍ថា ៖ «ខ្ញុំគិតថា យុវជនរបស់យើងគួរតែធ្វើការគោរពច្បាប់ដោយយើងកុំពិសារគ្រឿងស្រវឹង នៅពេលបើកបរ មានន័យថា បើបើកបរកុំពិសារគ្រឿងស្រវឹង»។
លោក សែម បញ្ញាវុឌ្ឍ បានថ្លែងទៀតថា ប្រសិនបើប្រជាពលរដ្ឋនិងក្រុមយុវជនកែប្រែឥរិយាបថហើយគោរពច្បាប់ ចរាចរណ៍មិនទទួលទានគ្រឿងស្រវឹងក្នុងគ្រាបើកបរយានយន្ត នោះអត្រាគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុនោះនឹងបានប្រសើរឡើងវិញ។
ចំណែកឯលោកវរសេនីយ៍ត្រី ចេវ ហាក់ អនុប្រធានការិយាល័យចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានមានប្រសាសន៍ថា សមត្ថកិច្ចជំនាញបានដាក់ទីតាំងត្រួតពិនិត្យចល័តដើម្បីត្រួតពិនិត្យ ដល់អ្នកបើកបរដែលមានសារជាតិស្រវឹងនៅក្នុងខ្លួន តាំងពីខែឧសភា ឆ្នាំ២០០៩មកម៉្លេះ គឺដើម្បីអប់រំដល់អ្នកដែលទទួលទានគ្រឿងស្រវឹងនិងផលប៉ះពាល់នៅពេល បើកបរនោះ។ តាមរយៈការត្រួតពិនិត្យនោះគឺរកឃើញជាមធ្យមអ្នកបើកបរដែលទទួលទាន គ្រឿងស្រវឹងមានពី៥ទៅ១០នាក់ក្នុងមួយយប់ៗ។
តាមមន្ត្រីសុខាភិបាលម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានថ្លែងថា ក្រៅពីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយសារស្រវឹងនោះក៏កើតមានជំងឺ នានាដោយឥទ្ធិពលជាតិស្រវឹងចូលក្នុងខ្លួននោះដែរ ៖ «បើសិនជា គាត់ហូបច្រើនយូរៗទៅ កត្តាសំខាន់ជាងគេគឺថ្លើមដែលធ្វើទុក្ខច្រើនជាងគេ... រហូតដល់ធ្វើឲ្យអាចក្រិនថ្លើម វាអាចរលាកថ្លើមប្រភេទបេ ប្រភេទសេអីអ៊ីចឹង។ ប្លោកនោមវិញ ពេលខ្លះធ្វើឲ្យមានជំងឺគ្រោះតម្រងនោម ហើយបើសិនជាហូបយូរៗទៅអាចធ្វើឲ្យគាត់មានទឹកនោមប្រៃឬក៏ទឹក នោមផ្អែម ហើយអាចធ្វើឲ្យមានការលើសឈាមទៀត កាលណាហូបទៅវាមានទឹកនោមប្រៃ ទឹកនោមប្រៃវាអាចធ្វើឲ្យអ្នកនឹងមានជំងឺលើសឈាម។ វាទាក់ទិនគ្នាអ៊ីចឹង»។
លោក ហ៊ឹម យន់ អនុប្រធានសមាគមយុវជនខ្មែរ បានថ្លែងទៀតដែរថា ដើម្បីអប់រំដល់ក្រុមយុវជនទាំងនោះត្រូវតែមានការចូលរួមពីក្រុម គ្រួសារ សាលារៀននិងសង្គមផងដែរ។
លោក ហ៊ឹម យន់ បានបញ្ជាក់ថា ៖ «ឪពុកម្ដាយត្រូវតែអប់រំកូនកុំ ឲ្យផ្ដេសផ្ដាស ដូចជាពេលទំនេរទៅផឹកស៊ីអាឡេអាឡូអីជាដើម។ ឯនៅសាលារៀន លោកគ្រូ អ្នកគ្រូ ក៏គាត់ប្រឹងប្រែងជួយអប់រំដល់ក្មេងៗយុវវ័យទាំងអស់ហ្នឹងដែរ ហើយក្រៅពីហ្នឹងទៀតសង្គម ការដែលយើងមើលការផ្សាយពាណិជ្ជកម្មហូរហែដែលវាហួសប្រមាណពេក ធ្វើឲ្យយុវវ័យ យុវជនហ្នឹងនាំទៅរកតែការផឹកស៊ីសប្បាយ ហើយសប្បាយមិនមែនសប្បាយឲ្យល្អសម្រាប់សង្គម ប៉ុន្តែកាលណាទទួលទានគ្រឿងស្រវឹងអីទៅវាខាតទាំងលុយកាក់ផង និងវាប៉ះពាល់ទៅដល់សង្គមយើងផង»។
លោកបានថ្លែងទៀតថា ក្រុមយុវជនក៏ត្រូវតែស្វែងរកការអប់រំនិងសីលធម៌ផ្ទាល់ខ្លួនផងដែរ៕
From:
วันอาทิตย์ที่ 12 กรกฎาคม พ.ศ. 2552
បញ្ហាការប្រើគ្រឿងស្រវឹងក្នុងចំណោមយុវជន
สมัครสมาชิก:
ส่งความคิดเห็น (Atom)
ไม่มีความคิดเห็น:
แสดงความคิดเห็น