วันอาทิตย์ที่ 12 กรกฎาคม พ.ศ. 2552

តុលាការ​កោះហៅ​ប្រធាន​ថ្មី​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​មក​សាកសួរ

ទិដ្ឋភាព​នៃ​ការ​អនុវត្ត​សាលក្រម​បណ្ដេញ កញ្ញា សេង ធារី ពី​មុខ​តំណែង​ជា​នាយិកា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម នៅ​ថ្ងៃ​ទី​៩ កក្កដា ២០០៩។

ប្រធាន​បណ្តោះ​អាសន្ន​របស់​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​ដែល​ទើប​ចូល​កាន់​ តំណែង​ថ្មី​បាន​មួយ​ថ្ងៃ លោក វី ហ៊ុយ ត្រូវ​តុលាការ​សាលា​ដំបូង​កោះហៅ​សាកសួរ​ជុំវិញ​បណ្តឹង​ពាក់ព័ន្ធ កញ្ញា សេង ធារី អតីត​នាយិកា​មជ្ឈមណ្ឌល​នា​ថ្ងៃ​សុក្រ ទី​១០ ខែ​កក្កដា។ លោក វី ហ៊ុយ ប្រធាន​មជ្ឈមណ្ឌល​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ចាស់​របស់​មជ្ឈមណ្ឌល​ អភិវឌ្ឍន៍​សង្គម មាន​ប្រសាសន៍​ថា តុលាការ​សាលា​ដំបូង​បាន​ឲ្យ​គាត់​ទៅ​បំភ្លឺ​ទាញ​ហេតុផល​ទៅ​លើ​អង្គ​សេចក្តី​ នៃ​បណ្តឹង​រវាង​លោក និង​កញ្ញា សេង ធារី។

លោក វី ហ៊ុយ បាន​បញ្ជាក់​ថា ៖ «បង ជា វណ្ណាត ហៅ​ខ្ញុំ​ឲ្យ​ជួយ​ធ្វើ Board Director ហ្នឹង ក៏​ខ្ញុំ​ធ្វើ​ទៅ។ ខ្ញុំ​បាន​ធ្វើ​ខុស​ដែល​រើស ធារី សេង ស្មាន​តែ​ចំណេះ​វិជ្ជា​ជ្រៅជ្រះ​របស់​គាត់ វាងវៃ​របស់​គាត់ ជួយ​សង្គម គាត់​ទៅ​ជា​រំលោភ​ច្បាប់​ផ្ទៃ​ក្នុង ដោយ​មិន​គោរព​ពាក្យ​សន្យា ដោយ​មិន​គោរព Board Director មិន​ចូល​ជំនុំ​ជាមួយ Board Director អ៊ីចឹង​ទៅ ហើយ​ទៅ​បង្កើត Board ផ្សេង​ទៀត។ ស្ដាយ!»។

អនុ​ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម លោក អ៊ឹម សុភា មាន​ប្រសាសន៍​ថា តុលាការ​សាលា​ដំបូង​កាល​មុន​បាន​ចេញ​ដីកា​កោះ​អញ្ជើញ​ឲ្យ​សាមី​ខ្លួន លោក វី ហ៊ុយ និង​កញ្ញា សេង ធារី ចូលរួម​សវនាការ​អង្គ​សេចក្តី​នៅ​ថ្ងៃ​សុក្រ ទី​១០ ខែ​កក្កដា​នេះ ប៉ុន្តែ​កញ្ញា សេង ធារី បាន​ដាក់​ពាក្យ​ទៅ​តុលាការ​សុំ​ពន្យារ​សវនាការ​នោះ រហូត​ដល់​ថ្ងៃ​ទី​១៥ ទើប​មាន​វត្តមាន​កញ្ញា សេង ធារី វិល​មក​ប្រទេស​វិញ ទន្ទឹម​នោះ​តុលាការ​មិន​បាន​ជូន​ដំណឹង​តប​ថា យល់​ព្រម​ឬ​អត់​ឡើយ។

លោក អ៊ឹម សុភា បាន​មាន​ប្រសាសន៍​ថា ៖ «អ៊ីចឹង​ខ្ញុំ​អត់​បាន​ទទួល​ ព័ត៌មាន​ត្រឡប់​មក​វិញ​ថា គេ​នៅតែ​បើក​ជំនុំ​ជម្រះ​ដោយ​គ្មាន​វត្តមាន អា​ហ្នឹង​ជា​សិទ្ធិ​របស់​តុលាការ ខ្ញុំ​មិន​អាច Comment (អត្ថាធិប្បាយ) អី​កើត»។

ជម្លោះ​ផ្ទៃ​ក្នុង​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​ដែល​នាំ​ឲ្យ​មាន​ ការប្តឹងផ្តល់​គ្នា ដោយសារ​តែ​រឿង​មិន​ព្រម​ចុះ​ចេញ​ពី​មុខ​តំណែង​ប្រធាន​នៅ​ក្នុង​អង្គការ​មួយ​ នេះ បាន​នាំ​ឲ្យ​មាន​ការអនុវត្ត​ដីកា​ប្រញាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​កក្កដា​កន្លង​ទៅ ដោយ​បង្ខំ​ដក​តំណែង​កញ្ញា សេង ធារី ជា​នាយិកា​បច្ចុប្បន្ន ប្រគល់​តំណែង​ប្រធាន​បណ្តោះ​អាសន្ន​ជូន​លោក វី ហ៊ុយ វិញ។

លោក វី ហ៊ុយ បាន​ឲ្យ​ដឹង​ថា ដោយ​ទើប​ចូល​កាន់​តំណែង​បាន​មួយ​ថ្ងៃ ហើយ​មាន​រវល់​ជាមួយ​តុលាការ​ទម្រាំ​ចប់ លោក​មិន​ទាន់​អាច​អញ្ជើញ​បុគ្គលិក​មក​ចូលរួម​ប្រជុំ​ពី​ការចាត់ចែង​ការងារ​ បាន​ទេ​នៅ​ថ្ងៃ​នេះ។ លោក​ថា សប្តាហ៍​ក្រោយ​មាន​គម្រោង​ប្រជុំ​ជាមួយ​បុគ្គលិក​ទាំងអស់​នោះ៕

From:

ไม่มีความคิดเห็น:

แสดงความคิดเห็น